រដ្ឋាភិបាលអាហ្វហ្គានីស្ថានដោះលែងអ្នកទោសតាលីបង់ចំនួន ៣៦១ នាក់ ខណៈដែលកូរ៉ូណាកំពុងបន្តរីករាលដាល

Please follow and like us:
0
fb-share-icon0
20
fb-share-icon20

បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក រដ្ឋាភិបាលអាហ្វហ្កានីស្ថានបានដោះលែងសមាជិកអ្នកទោសចំនួន ៣៦១នាក់។ នេះបើតាមលោកចាវីដ ហ្វៃសល (Javid Faisal) អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ ដែលបានប្រកាសឲ្យដឹង។

លោក Faisal បានសរសេរនៅលើបណ្តាញធ្វីតតឺថា «រដ្ឋាភិបាលបានដោះលែងអ្នកទោសតាលីបង់ចំនួន ៣៦១ នាក់ពីពន្ធនាគារបាក្រាម (Bagram) តាមក្រឹត្យប្រធានាធិបតី ដែលចេញកាលពីថ្ងៃទី ១១ ខែមីនា។ យោងតាមក្រឹត្យនេះ ការដោះលែងនឹងបន្តនៅទូទាំងពន្ធនាគារដទៃទៀត​ ដើម្បីដោះលែងឲ្យបានចំនួនសរុប ១.៥០០ នាក់ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់យើងដើម្បីជំរុញសន្តិភាព​ និងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID19។

មុននេះ មានការរាយការណ៍ថា រដ្ឋាភិបាលប្រទេសនេះបានដោះលែងអ្នកទោសតាលីបង់ចំនួន ៣០០ នាក់ ហើយក្រុមតាលីបង់បានប្រគល់អ្នកទោសអាហ្វហ្គានីស្ថានចំនួន ២០ នាក់ ទៅគណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហមនៅខេត្ត កានដាហា (Kandahar) ភាគខាងត្បូង។

តំណាងពិសេសអាមេរិកប្រចាំនៅអាហ្គានីស្ថាន លោកហ្សាល់ម៉ាយ ខាលីលហ្សាដ (Zalmay Khalilzad) បានស្វាគមន៍ចំពោះការដោះលែងអ្នកទោស ដោយក្រុមជម្លោះទាំងពីរ ដោយលោកបានអំពាវនាវឲ្យពួកគេបង្កើនកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត។

ការដោះលែងអ្នកទោសនេះ គឺជាជំហានសំខាន់មួយនៅក្នុងដំណើរការសន្តិភាព និងការកាត់បន្ថយអំពើហិង្សា ហើយម្យ៉ាងទៀត ការដោះលែងនេះកើតឡើងចំពេលដែលកំពុងមានការវាយលុកខ្លាំងក្លាដោយជំងឺកូរ៉ូណា។

លោក Khalilzad បានសរសេរនៅលើបណ្តាញសង្គម Twitter ថា «សក្តានុពលនៃការរីករាលដាលនៃជំងឺកូរ៉ូណា នៅក្នុងពន្ធនាគារ បង្កជាការគំរាមកំហែងយ៉ាងពិតប្រាកដ ហើយមានហេតុផលជាច្រើនទៀត ដើម្បីធ្វើសកម្មភាពឲ្យបានកាន់តែឆាប់រហ័ស»។

កាលពីចុងខែកុម្ភៈ សហរដ្ឋអាមេរិក និងក្រុមតាលីបង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ដែលរង់ចាំជាយូរមកហើយ នៅប្រទេសកាតា។ កិច្ចព្រមព្រៀងនេះមានគោលបំណងបញ្ចប់ការដកកងទ័ពអាមេរិក និងកងទ័ពរបស់អង្គការណាតូចេញពីប្រទេសអាហ្វហ្គានីស្ថាន ក្នុងរយៈពេល ១៤ ខែ និងការចាប់ផ្តើមការចរចារវាងអាហ្វហ្គានីស្ថានដោយផ្ទាល់ បន្ទាប់ពីមានការដោះលែងអ្នកទោសទៅវិញទៅមក។

ប្រទេសអាហ្វហ្គានីស្ថានបានបញ្ជាក់ថា មានករណីកូរ៉ូណាចំនួន ៦០៧ ករណីហើយមកទល់ពេលនេះ ក្នុងនោះមានអ្នកស្លាប់ចំនួន ១៨នាក់៕

 521 total views,  1 views today

Please follow and like us:
0
fb-share-icon0
20
fb-share-icon20

Leave a Reply

Your email address will not be published. Required fields are marked *

Follow by Email
Facebook0